
ក្មេង ២នាក់ដែលគ្របដណ្តប់ដោយធូលីដី បានស្រែកយំហៅរកឪពុក ពេលដែលក្មេងទាំង ២ ស្វែងរកឪពុករបស់ពួកគេដែលជឿថាកប់ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលមកលើជំរំ Jabalia ស្ថិតក្នុងតំបន់ហ្គាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ។
ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងទាំង ២ បាននិយាយទាំងទឹកភ្នែកថា ឪពុករបស់ខ្ញុំ និងប្រុសរបស់ខ្ញុំ ត្រូវបានគេធ្វើទុក្ករកម្ម ។
គួរឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសជនប៉ាឡេស្ទីនរាប់សិបនាក់ ស្របពេលដែលជនស៊ីវិលនៅក្នុងដែនដីឡោមព័ទ្ធមួយនេះ ស្វែងរកកន្លែងជ្រកកោននៅតំបន់ភាគខាងត្បូង ។
នៅក្នុងចំណោមតំបន់ដែលរងការទម្លាក់គ្រាប់បែក គឺជាជំរំជនភៀសខ្លួន Jabalia ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សាដែលកាន់កាប់ដោយក្រុមហាម៉ាស់ ។
អ្នកនំាពាក្យក្រសួងសុខាភិបាលហ្គាហ្សា និយាយថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួសដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើកនេះ ។
ខណៈពេលនោះដែរ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីមួយនេះ ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ ១៥.៥២៣ នាក់ហើយ ។
អ្នកនាំពាក្យក្រសួងលោក Ashraf al-Qidra បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ចំណែកឯចំនួនអ្នករងរបួស បានកើនឡើងលើសពី ៤១.០០០ នាក់ ចំពេលមានការដួលរលំនៃសេវាកម្មថែទាំសុខភាព ៕