
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានបញ្ចេញរូបភាពវីដេអូឃ្លីបរថយន្តគិលានសង្រ្គោះ ៦គ្រឿងដែលបរិច្ចាគដោយអារ៉ាប៊ីសាអូឌីត បានបើកឆ្លងកាត់ច្រកព្រំដែន Rafah ចេញពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានតាំងថតវីដេអូពីចំណុចឆ្លងកាត់ព្រំដែនដែលផ្គូរផ្គងនឹងរូបភាពវីដេអូឃ្លីបលើកមុនៗរបស់ពួកគេ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ពីពេលវេលាដែលវីដេអូមួយនេះ ថតបាន ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប បានស្វែងរកកន្លែងជ្រកកោននៅតំបន់ភាគខាងត្បូងហ្គាហ្សា ស្របពេលដែលអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីសមុទ្រ និងដីគោកមកលើដែនដីបិទច្រកមួយនេះ ។
ជនប៉ាឡេស្ទីន និយាយថា ការទម្លាក់គ្រាប់បែក បានផ្តោតសំខាន់លើទីក្រុង Khan Younis និងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ស្របពេលដែលមន្ទីរពេទ្យពិបាកទប់ទល់នឹងលំហូរអ្នករងរបួស ៕