ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធបន្តការគាំទ្រអនុវត្តគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ លើកទី៤ ថ្ងៃទី១៥ ខែមិថុនា ក្រោមប្រធានបទ "TVET" ។
សម្តេចតេជោ បានយកឱកាសនេះ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តចូលគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្នុងការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដោយក្នុងដំណាក់កាលនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញ និងបត់បែនតាមស្ថានភាពជាក់ស្តែង។
- បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទ នៃទិវាជាតិនេះ បានលើកឡើង “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” ។
- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងនូវសារសំខាន់ នៃវិស័យនេះ ជូនសាធារណជន។
-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នេះ ឱ្យបានផុលផុសទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវគោលនយោបាយអាទិភាព និងការកែទម្រង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ៕
អត្ថបទ៖ មុត សុទ្ធ
