ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្ដមសេនីយ៍ ហ៊ឺ វ័យទុង (He Weidong) អនុប្រធានទី២ គណៈ កម្មាធិការ យោធាមជ្ឈឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ។
នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ គណៈកម្មាធិការ យោធាមជ្ឈឹមបក្សកុម្មុយនីស្តចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរមានភាពរីកចម្រើនជាលំដាប់។
ឯកឧត្តម ហ៊ឺ វ័យទុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯករបស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជារយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជានិងចិនតែងតែគាំទ្រគ្នាទៅវិញ ទៅមកទាំងក្នុងតំបន់និងអន្តរជាតិហើយក្នុងរយៈ ពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកន្លងមកនេះ ប្រទេសទាំងពីរបានបន្តជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជម្រុញការលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ស្តង់ដារខ្ពស់និងកម្រិតខ្ពស់។
ឯកឧត្តមបានសង្កត់ធ្ងន់ថាប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររដ្ឋាភិបាលថ្មីដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងសម្ដេចធិបតីជានាយករដ្ឋមន្ត្រីនឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនលើគ្រប់វិស័យនិងទទួលបានការគាំទ្រដ៏ធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះភាគីចិនដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គលេខាធិការមជ្ឈិមបក្ស ស៊ី ជិនពីង ជូនចំពោះសម្ដេចហើយសម្ដេចក៏បានបញ្ជាក់បន្ថែមថាតាំងពីដើមរៀងមកគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គាំទ្រចិននិងតួនាទីចិននៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់និងពិភពលោកទាំងមូល។ សម្ដេចតេជោបានបន្តទៀតថា ភាពរីកចម្រើនរបស់ចិនមិនត្រឹមតែជួយឲ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់និងបណ្ដាប្រទេសផ្សេងទៀតផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៀតថាកម្ពុជាទាំងចិនត្រូវតែបន្តពង្រឹងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យានិងច្រករបៀងអង្ករនិងមច្ឆាដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅថ្ងៃអនាគតដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់និងកម្រិតខ្ពស់។ សម្ដេចតេជោក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តម ហ៉ឺ វ័យទុង ជូនចំពោះឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុនីសចិនហើយសម្ដេចសង្ឃឹមថាសម្ដេចនឹងមានពេលទស្សនកិច្ចនិងបានជួបឯកឧត្តម ស៊ី ជិនពីង នាពេលខាងមុខ៕





