ភ្នំពេញ: ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោក Mr. Kazuki Takeuchi, ប្រធានអង្គការ សម្ព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICS បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន “ប្រតិបត្តិការ និងការថែទាំគ្រឿងចក្រកាត់គុម្ពោតព្រៃ” ដល់សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ី ដែលមានរយៈពេល ៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣។ពិធីនេះប្រព្រឹត្តឡើងនៅបញ្ជាការស៊ីម៉ាក់ភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ។
សិក្ខាកាមជោគជ័យចំនួន៨នាក់មកពីប្រទេសកូឡុំប៊ីនេះទទួលការបណ្តុះបណ្តាលពីគ្រូជំនាញកម្ពុជារយៈពេល៣៧ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ដោយសិក្សាពីរបៀបជួលជុលគ្រឿង ចក្រនៅរោងជាងដោយផ្ទាល់និងនៅចម្ការមីនដែលមានការរួមបញ្ចូលនូវកម្លាំងប្រតិបត្តិការខុសគ្នាៗក្នុងចម្ការមីនតែ មួយ រួចបន្តដំណើរមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីពិនិត្យ មើលទីតាំងបង្កាត់និងបង្ហាត់សុនខ និងទីតាំងកាត់បន្សាបគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះ។ នៅចុងបញ្ចប់នៃការហ្វឹកហ្វឺន ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីវាស់ស្ទង់ការយល់ដឹងរបស់សិក្ខាកាមអំពីទ្រឹស្តី និងសមត្ថភាពជាក់ស្តែងរបស់ពួកគេក្នុងប្រតិបត្តិការនិងកាថែរទាំគ្រឿងចក្រ។ការវាយ តម្លៃគ្របដណ្តប់លើចំណុចចម្បងចំនួនបី ទី១) ការយល់ដឹងអំពីទ្រឹស្តី ២) ជំនាញលើការ អនុវត្ត និង ទី៣) ជំនាញ ការថែទាំ។ ក្រោយឆ្លងកាត់ការ វាយតម្លៃសិក្ខាកាមទាំងអស់ ទទួលបានលទ្ធផលពិន្ទុ៨៦ដល់៩៣ ពិន្ទុដែលជាលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ជូនថា នេះជាលើកទី២ហើយក្នុងឆ្នាំ២០២៣ នេះ សម្រាប់ភ្នាក់ងារJICS ប្រព័ន្ធកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុនដែលផ្តល់ការគាំទ្រដល់អង្គភាពCMAC ធ្វើការហ្វឹកហ្វឺនជូនសិក្ខាកាមដែលជាកងទ័ពកូឡុំប៊ីសរុបចំនួន៨ រូប លើជំនាញប្រើប្រាស់ និងការថែទាំគ្រឿងចក្របោសសម្អាតមីន។ដោយលើកទី១ ក្នុងឆ្នាំ២០១៩កន្លងមកនេះ អង្គភាព CMAC ក៏បានផ្ដល់ការហ្វឹកហ្វឺន១ទៀត តាម រយៈភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនផ្តោតលើ “ការប្រើប្រាស់ និងការថែទាំគ្រឿងចក្របោស សម្អាតមីន” មានរយៈពេល ៥៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងហ្វឹកហ្វឺនអង្គភាព CMAC ស្ថិតក្នុងខេត្តសៀមរាប ជូនដល់សិក្ខាកាមដែលជាកងទ័ពកូឡុំប៊ីចំនួន ២០ រូប ផងដែរ៕ អត្ថបទ ភារម្យ









