ភ្នំពេញ ៖ ខណៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ បានឲ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យដើម្បីបំពេញព័ត៌មានសុំសិទ្ធប្រឡងប្រជែង មានចំនួនសរុប ១២,៧៤៦នាក់ ខណៈតម្រូវការជ្រើសរើសមន្ត្រីកសិកម្មឃុំ ជំហានទី១មានចំនួន ២៥០នាក់។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ជំហានដំបូង ក្នុងចំណោមបេក្ខជនសរុបជាង ១ម៉ឺន ២ពាន់នាក់នេះ ស្របតាមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងឆ្លងកាត់ការវាយតម្លៃជារួម យើងសម្រាំងយកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៣,៣២៩ នាក់ ដើម្បីអាចចូលរួមប្រឡងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០កន្លែងនេះ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញវិធានការគន្លឹះ ៣ចំណុច ទី១.គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីប្រកបដោយតម្លភាព យុត្តិធម៌ និងប្រសិទ្ធភាព។ ទី២.ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងទី៣.ការដាក់ឱ្យអនុវត្តលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ការជ្រើសរើសមន្ត្រីកសិកម្មឃុំជំហានដំបូង២៥០នាក់ ហើយនឹងពង្រាយនៅតាមឃុំសង្កាត់២៥០ នៅលើខេត្តមួយចំនួនដែលមានសកម្មភាពកសិកម្មពាក់ព័ន្ធជាមួយដំណាំស្រូវ។ ឯកឧត្តមបន្តទៀតថា ឯឆ្នាំ២០២៤ខាងមុខ នឹងមានកម្មវិធីរើសចំនួន ៨០០នាក់ទៀត និងនៅឆ្នាំ២០២៥ នឹងមានរើសបង្រ្គប់ចំនួន ៥៥០នាក់បន្ថែមទៀត ឲ្យគ្រប់ចំនួន ១,៦០០នាក់ សម្រាប់បេសកកម្មបម្រើកសិករ នៅគ្រប់រាជធានី ខេត្តដើម្បីជួយដល់ប្រជាកសិករ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណិត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មឃុំចំនួន ១,៦០០នាក់ សម្រាប់បេសកកម្មបម្រើកសិករ ១,៦លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជនប្រមាណ ៧,៥លាននាក់ នៅតាមភូមិឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បីជួយឲ្យប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន តាមរយៈការផ្តល់ជូនបច្ចេកទេស តាមរយៈការផ្តល់ជាទុន និងតាមរយៈការផ្តល់ការស្វែងរកទីផ្សារទុកជាមុនឲ្យប្រជាកសិករ ផលិតទៅតាមតម្រូវការរបស់ទីផ្សារ ដែលការងារនេះប្រសិនជាអនុវត្តបាន នោះនឹងរក្សាបានស្ថិរភាពតម្លៃឲ្យកសិផលទាំងមូលផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី





