ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា នៅថ្ងៃអនាគតខាងមុខ ក្រសួងនឹងរៀបចំស្ដង់ដារ SOP ផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការចុះឈ្មោះ ហើយការចុះឈ្មោះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដើម្បីប្រឡងជ្រើសរើសមន្ដ្រីរាជការប្រកបដោយតម្លាភាព។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំ SOPនេះ ដើម្បីផ្តល់ឱកាសឲ្យទាំងអស់គ្នា មិនថាទីប្រជុំជន ឬក៏ទីជនបទទេ គឺមានឱកាសទទួលព័ត៌មានគ្រប់ៗគ្នា និងអាចធ្វើការចុះឈ្មោះបានតាមរយៈអនឡាញ ហើយការប្រកួតប្រជែងផ្អែកទៅលើមូលដ្ឋាន នៃសមត្ថភាពសុទ្ធសាធ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ក្នុងអាណត្ដិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ជាគោលការណ៍ណែនាំមកកាន់ក្រសួងថា “រាល់ការប្រឡងចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលរបស់មុខងារសាធារណៈ គឺក្រសួងមុខងារសាធារណៈត្រូវជាអ្នករៀបចំ។”
សូមជម្រាបថា នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងបើកការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក,ខ,គ ដែលនឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ដែលមានសមត្ថភាពច្បាស់លាស់អាចប្រឡងប្រជែងបាន ធានានូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដែលរៀបចំដោយគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន៕ អត្ថបទ៖ ឈិត បូរ៉ាវី




