បន្ទាយមានជ័យ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅទីលានកីឡាអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។
ឧត្តមសេនីយ៍ទោ សេង ធារិន បន្តថាការរៀបចំព្រឹត្តការណ៍ប្រកួតកីឡា កងយោធពលខេមរភូមិន្ទទូទាំងយោធភូមិភាគទី៥ ឆ្នាំ២០២៣នេះ គឺជាលើកទី១ របស់យោធភូមិភាគទី៥ ដោយកន្លងមក យើងមានក្រុមកីឡាកងទ័ព នៅតាមបណ្តាអង្គភាពចំណុះ និងបានចាត់តាំងជ្រើសរើសទៅចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម ជារៀងរាល់ឆ្នាំផងដែរ។
ដោយឡែកឆ្នាំនេះ យោធភូមិភាគទី៥ បានរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីជ្រើសរើសយោធិនជាក្រុម និងអង្គភាពឆ្នើម ដើម្បីបន្តទៅចូលរួមការប្រកួតកីឡាយោធានៅសាលានាយទាហានសកម្មឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងក្នុងរបបវាលពិឃាត។
ការប្រកួតនេះធ្វើឡើងដោយមានអង្គភាពចូលរួមសរុបចំនួន ១៥អង្គភាពចំណុះយោធភូមិភាគទី៥ រួមមានៈ កងពលតូចថ្មើរជើងលេខ៥១,៥២,៥៣,តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់,បាត់ដំបង,ប៉ៃលិន,បន្ទាយមានជ័យ ,កងការពារព្រំដែនលេខ៥០១,៥០២,៥០៣,៥០៤ កងអន្តរាគមន៍ និងសង្គ្រោះ៧០៥ វរសេនាតូចស៊ើបការណ៍ ,វរសេនាតូចការពារអាកាស និងតំបន់អភិវឌ្ឍន៍ មានកីឡាករសរុបចំនួន៤១៦រូប លើវិញ្ញាសាចំនួន៥ រួមមាន៖
-វិញ្ញាសារទី១ បាញ់អាវុធ AK47 ស៊ីបលេខ៨ ចំនួន ៣កាយវិកា ក្រាបបាញ់ចំងាយ២០០ម៉ែត្រ លុតជង្គង់ បាញ់ចម្ងាយ១៥០ម៉ែត្រ និងឈរបាញ់។
-វិញ្ញាសារទី២ រត់ប្រដាប់អាវុធចម្ងាយ៧គីឡូម៉ែត្រ
-វិញ្ញាសារទី៣ រត់យួរទម្ងន់៥គីឡូក្រាម ចម្ងាយ៨គីឡូម៉ែត្រ
-វិញ្ញាសារទី៤ រត់ឆ្លងឧបស័ក្គវង់ធំ ជាក្រុមចំនួន ១៩ឧបសគ្គ
-វិញ្ញាសារទី៥ ប្រកួតកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទ មានជំហរទាំង១២ ស្នៀតប្រយុទ្ធឥតអាវុធ ទាំង១០កាយវិកា។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការ និងក្រុមការងារកីឡាយោធភូមិភាគទី៥ សហការជាមួយអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដែលបានខិតខំរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះឡើង ទោះបីជាមិនទាន់ល្អគ្រប់គ្រាន់ លទ្ធផលនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី។
ជាមួយគ្នានេះផងដែរចំពោះការប្រកួតនៅថ្ងៃនេះ ដើម្បីឲ្យកងឯកភាពផ្សេងៗគ្នា បានមកជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព តាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាលចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី។ យោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនឱ្យទទួលបានជោគជ័យ៕











