ប្រមុខអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃចន្ទ ទី៤ធ្នូ ថា កងទ័ពអ៊ីស្រាអែលបានប្រាប់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ឱ្យបិទឃ្លាំងផ្ដល់ជំនួយនៅតំបន់ហ្កាហ្សាភាគខាងត្បូង មុនពេលប្រតិបត្តិការថ្មើរជើងនៅក្នុងតំបន់នេះ ដែលធ្វើឲ្យឃ្លាំងមួយនេះមិនអាចប្រើប្រាស់បាន។

លោក Tedros បាននិយាយនៅលើបណ្ដាញសង្គម X ថា ថ្ងៃនេះអង្គការសហប្រជាជាតិបានទទួលការជូនដំណឹងពីកងកម្លាំងការពារអ៊ីស្រាអែលថា យើងគួរតែដកការផ្គត់ផ្គង់របស់យើងចេញពីឃ្លាំងវេជ្ជសាស្រ្តរបស់យើងនៅភាគខាងត្បូងតំបន់ហ្សាក្នុងរយៈពេល ២៤ ម៉ោង ដោយសារប្រតិបត្តិការថ្មើរជើងនឹងអាចបញ្ឈប់ដល់ដំណើរការប្រើប្រាស់នៅឃ្លាំងនោះ ។
លោកបានសរសេរថា យើងអំពាវនាវដល់អ៊ីស្រាអែលឱ្យដកបទបញ្ជា ហើយចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យ និងទីតាំងមនុស្សធម៌នានា។
យោងតាមអង្គការសុខភាពពិភពលោក ចំនួនមន្ទីរពេទ្យប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សាបានធ្លាក់ចុះពី ៣៦ទៅ ១៨ ក្នុងរយៈពេលតិចជាង៦០ ថ្ងៃ ក្នុងនោះមន្ទីរពេទ្យចំនួន៣ប៉ុណ្ណោះ ដែលកំពុងផ្តល់បានត្រឹមតែជំនួយបឋមជាមូលដ្ឋាន និងសេវាផ្សេងទៀតដោយផ្នែក។

យោងតាមអង្គការសុខភាពពិភពលោក មន្ទីរពេទ្យចំនួន១២ កន្លែងនៅតែដំណើរការនៅផ្នែកខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃចន្ទ ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ មេឌីទែរ៉ាណេភាគខាងកើត លោក អាម៉េដ អាល់ ម៉ាន់ដារី (Ahmed al-Mandhari ) បាននិយាយថា ការពង្រីកប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាភាគខាងត្បូង បានប្រឈមនឹងការដកហូតការថែទាំសុខភាពមនុស្សរាប់ពាន់នាក់៕
