សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកថា អ៊ីស្រាអែល បានប្រមូលផ្តុំប្រព័ន្ធបូមទឹកដ៏ធំមួយ ដែលអាចប្រើសម្រាប់បង្ហូរទឹកចូលផ្លូវរូងក្រោមដី ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្រោមតំបន់ហ្កាហ្សាស្ទ្រីប ក្នុងកិច្ចប្រឹងប្រែង ដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធចេញ។

របាយការណ៍នោះ បានឲ្យដឹងថា នៅពាក់កណ្តាលខែវិច្ឆិកា កងទ័ពអ៊ីស្រាអែល បានបញ្ចប់ការដំឡើងម៉ាស៊ីនបូមទឹកយ៉ាងហោចណាស់ ៥គ្រឿង មានចម្ងាយមួយម៉ាយ ភាគខាងជើងនៃជំរុំជនភៀសខ្លួន Al-Shati ដែលអាចបូមទឹករាប់ពាន់ម៉ែត្រគូប ក្នុងមួយម៉ោង ដោយអាចធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ពុំមិនច្បាស់ទេថា តើអ៊ីស្រាអែល នឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹក មុនពេលចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែងឬយ៉ាងណានោះទេ នេះបើយោងតាមដំណើររឿងនេះ។ ក្រុមហាម៉ាស ធ្លាប់បាននិយាយថា ខ្លួន បានលាក់ចំណាប់ថ្នូរនៅក្នុង «កន្លែងសុវត្ថិភាព និងផ្លូវរូងក្រោមដី»។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃរបាយការណ៍កាលពីថ្ងៃចន្ទបានទេ។
នៅពេលសួរអំពីរឿងនេះ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា វាសមហេតុផលសម្រាប់អ៊ីស្រាអែល ក្នុងការធ្វើឲ្យផ្លូវរូងក្រោមដី មិនអាចដំណើរការបាន ហើយថា ប្រទេសនេះ កំពុងស្វែងរកវិធីជាច្រើន ដើម្បីធ្វើដូច្នេះ។
ក្រសួងការពារជាតិអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។