ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា កម្មវិធីផ្ដល់ជំនួយជាថវិកាដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ជីវភាព ដោយ សារវិបត្តិកូវីដ-១៩ នឹងត្រូវបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»នៅថ្ងៃនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា ទោះកម្មវិធីជំនួយសង្គមមួយចំនួនត្រូវបិទបញ្ចប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តជួយដល់ពលរដ្ឋ ដែលរងគ្រោះដោយវិបត្តិនានាជាដដែល តាមរយៈការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា។
អំឡុងពិភពលោកប្រឈមនឹងវិបត្តិនានា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ដើម្បីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រដើម្បីលំនឹងជីវភាពប្រចាំថ្ងៃចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានចំនួន ១៥ ជុំ ស្មើនឹង ៤០ លើក និងចំណាយថវិកាអស់ជាងមួយពាន់លានដុល្លារ៕ ដោយ៖ គង់ ឌិន
