ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវចាប់ពីរង្វង់មូលព្រាបសរ សល់រង្វង់មូលខ្លាស្ទុះ បានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរុះរើ សំណង់ តូបលក់ដូរ សំយាប ស្លាកប៉ាណូ វត្ថុសម្ភារៈផ្សេងៗបានប្រមាណ៩៩% ដើម្បីឲ្យក្រុម ហ៊ុនទទួលការសាងសង់ផ្លូវក្នុងក្រុងក្រចេះ ដាក់គ្រឿងចក្រឈូសឆាយ ទ្រង់ទ្រាយធំ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ស៊ាង ហៃ ជាក្រុមហ៊ុនទទួលការសាងសង់ផ្លូវ នៅចំណុចភូមិសាស្រ្តពីរង្វង់ព្រាបសរ ដល់រង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូរប្ញស្សី នឹងសង្កាត់ក្រចេះ ក្រុងក្រចេះ ក្រុមហ៊ុននឹងបន្តឈូសឆាយទ្រង់ទ្រាយធំ ដោយបានបែងចែកជាពីរក្រុម ក្រុមទី១.ចាប់ពីរូបគ្រុឌ ទៅកើត ក្រុមទី២.ចាប់ពី រង្វង់មូលខ្លាស្ទុះ ទៅលិច ។

គួររំលឹកផងដែរថា រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្ដីជូនដំណឹងស្តីពីការរុះរើបណ្តាញ អគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូគ្រប់ប្រភេទ កាលពីខែវិច្ឆិកា ថា ដើម្បីឲ្យការសាងសង់ស្ពាន និងផ្លូវតភ្ជាប់ខាងលើ អនុវត្តបានឆាប់រហ័ស តាមផែនការកំណត់ និងការពារសុវត្ថិភាពដល់ក្រុមការងារសាងសង់ និងប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។ រដ្ឋបាលខេត្តក្រចេះ សូមស្នើអង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិច និងក្រុមហ៊ុន បំពាក់ និងតម្លើងផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ការសាងសង់ ផ្លូវខាងលើ ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ស្ពាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដោយធ្វើការរុះរើ រំកិលបណ្តាញចេញផុតពីការដ្ឋាន និងតាមដងផ្លូវដែល ពាក់ព័ន្ធចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត៕ ដោយ៖ សេង ម័រ





