ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានលោក ចូន ហ្វីន័រ (Jon Finer)បានដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅកាន់ទីក្រុង New Delhi កាលពីថ្ងៃចន្ទ ជាទីដែលលោកបានគូសបញ្ជាក់ពីការបង្កើតគណៈកម្មការស៊ើបអង្កេតដោយប្រទេសឥណ្ឌា ដើម្បីស៊ើបអង្កេតពីការរៀបផែនការបរាជ័យក្នុងការធ្វើឃាតជនផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) នៅលើទឹកដីសហរដ្ឋអាមេរិក។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោក Finer បានទទួលស្គាល់ការបង្កើតគណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសឥណ្ឌាដើម្បីស៊ើបអង្កេតផែនការឃាតកម្មគ្រោងទុកនៅក្នុងសហរដ្ឋអាមេរិកនិងសារៈសំខាន់នៃការទទួលខុសត្រូវចំពោះនរណាម្នាក់ដែលត្រូវបានរកឃើញថាបានប្រព្រឹត្ត។

កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ថាមន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ថា បានដឹកនាំផែនការបរាជ័យមួយដើម្បីធ្វើឃាតជនបំបែកខ្លួនមានដើមកំណើតនៅប្រទេសឥណ្ឌា កាន់សាសនា នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈខ្លួនបានប្រកាសការចោទប្រកាន់លើបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។

មន្ត្រីសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវបានដាក់គោលដៅនៃការប៉ុនប៉ងឃាតកម្មនេះឈ្មោះថា ហ្គូផាតវ៉ានស៊ីញ ផាណុន ( Gurpatwant Singh Pannun)ដែលជាអ្នកបំបែកខ្លួនកាន់សាសនាស៊ីគ និងជាពលរដ្ឋដែលមានសញ្ជាតិសហរដ្ឋអាមេរិកផង និងកាណាដាផង។ជាការឆ្លើយតប ឥណ្ឌាបានសម្តែងការព្រួយបារម្មណ៍ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជាច្រើនរបស់ខ្លួនម្នាក់ដែលត្រូវបានជាប់ពាក់ព័ន្ធនឹងផែនការ ដែលខ្លួនបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធ ជាការប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល។
ប្រទេសឥណ្ឌា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងស៊ើបអង្កេតជាផ្លូវការលើការព្រួយបារម្ភរបស់អាមេរិក ហើយចាត់វិធានការតាមដានចាំបាច់លើរបកគំហើញរបស់គណៈកម្មការដែលបានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។
គួររម្លឹកថាដំណឹងនៃឧបទ្ទវហេតុនេះ បានកើតឡើងពីរខែបន្ទាប់ពីប្រទេសកាណាដាបាននិយាយថា មានការចោទប្រកាន់ គួរឱ្យទុកចិត្ត ពាក់ព័ន្ធនឹងទីភ្នាក់ងារឥណ្ឌាចំពោះការសម្លាប់កាលពីខែមិថុនាលើមេដឹកនាំផ្តាច់ខ្លួនកាន់សាសនាស៊ីគ ម្នាក់ទៀតគឺ លោក Hardeep Singh Nijjar នៅជាយក្រុងវ៉ាន់ខូវើ (Vancouver)ប្រទេសកាណាដា ដែលឥណ្ឌាបានច្រានចោល៕