ក្រុមមន្ត្រីសេតវិមានបានព្រមានកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ថា សហរដ្ឋអាមេរិកកំពុងអស់ពេល និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធនឹងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីហើយ។

រដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងខែតុលា បានស្នើថវិកាពីសភាចំនួនជិត ១០៦ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆិតាសម្រាប់សន្តិសុខព្រំដែនអ៊ុយក្រែន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែសមាជិកបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន បានបដិសេធសំណើនេះ។

នាយកថវិការបស់សេតវិមាន លោកស្រី សាឡានដា យ៉ាំង (Shalanda Young) នៅក្នុងលិខិតមួយផ្ញើជូនប្រធានសភាអាមេរិក លោក ម៉ៃ ចនសុន (Mike Johnson) និងបណ្ដាមេដឹកនាំសភាផ្សេងទៀតបាននិយាយថា ការកាត់ផ្តាច់មូលនិធិ និងលំហូរនៃសព្វាវុធនឹងហាក់ដូចជាឲ្យ «អ៊ុយក្រែនលុតជង្គង់ចុះចាញ់នៅលើសមរភូមិ» និងបង្កើនលទ្ធភាពនៃជ័យជំនះរបស់រុស្ស៊ី។

សភាអាមេរិក បានអនុម័តថវិកាជាង ១១០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ មកប៉ុន្តែមិនបានអនុម័តមូលនិធិណាមួយបន្ថែមទៀតទេចាប់តាំងពីគណបក្សសាធារណរដ្ឋ បានកាន់កាប់សភាពីគណបក្សប្រជាធិបតេយ្យ នៅក្នុងខែមករា មក។
ការខកខានរបស់សេតវិមាន ក្នុងការពិចារណាលើសំណើកញ្ចប់ថវិកាបានបង្កើនការព្រួយបារម្ភថាការផ្តល់មូលនិធិសម្រាប់ទីក្រុងគីវ អាចនឹងមិនត្រូវបានអនុម័ត ជាពិសេសបន្ទាប់ពីសភាបានអនុម័តសេចក្ដីស្នើច្បាប់កាលពីខែវិច្ឆិកា ជាមួយនឹងការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល ប៉ុន្តែមិនមែនសម្រាប់អ៊ុយក្រែនទេ៕