កណ្ដាល ៖ មកដល់ថ្ងៃទី១៥ ខែមិថុនានេះ នៅទូទាំងខេត្តកណ្តាល បានដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានចំនួន៥ថ្ងៃ ដោយឡែកសម្រាប់ភូមិសាស្ត្រនៅក្នុងក្រុងតាខ្មៅវិញ នៅថ្ងៃនេះគេសង្កេតឃើញថា នៅតាមមណ្ឌលចាក់វ៉ាក់សាំងប្រមាណជិត១០កន្លែង គឺបានដំណើរការចាក់វ៉ាក់សាំងនេះ យ៉ាងរលូនបំផុត និងមានពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ជាតិសាសន៍ និងអ្នកមកពីចម្ងាយស្នាក់នៅរយៈពេលយូរក៏ត្រូវបានទទួលបានការចាក់ដែរ។
បើតាមលោកវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា ក្នុងចំណោមមណ្ឌលចាក់វ៉ាក់សាំងទាំង១០កន្លែងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល គឺមានតែនៅក្នុងមន្ទីរពេទ្យជ័យជំនះ បច្ចុប្បន្នបាននិងកំពុងដំណើរការចាក់វ៉ាក់សាំងទាំងពីរដូសគឺដូសទី១ និងដូសទី២។ សម្រាប់ដូសទី២ កំពុងដំណើរការចាក់ជូនពលរដ្ឋទូទៅនិងជនបរទេសដែលដល់ពេលកំណត់ ។ ដោយឡែកសម្រាប់ការចាក់ដូសទី១ កំពុងដំណើរការចាក់ជូនពលរដ្ឋទូទៅ និងជនបរទេស ដែលមានការអញ្ជើញអោយមកដោយ លោកចៅសង្កាត់ ឬមេភូមិ។
បើតាមលោក ប្រាក់ ចន្ទី មេភូមិក្រពើហារ សង្កាត់ព្រែកឫស្សី បានថ្លែងថា សម្រាប់សង្កាត់ព្រែកឫស្សី គឺយើងបានដាក់វេនពលរដ្ឋនៅតាមភូមិអញ្ជើញអោយគាត់មកចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យជ័យជំនះ ហើយការអញ្ជើញនោះ ក្រៅពីពលរដ្ឋដែលមានលំនៅឋានអចិន្ត្រៃយ៍ ខាងភូមិក៏មានការអញ្ជើញពលរដ្ឋមកពីតាមបណ្តាខេត្តរាជធានី និងជនបរទេសនានា ដែលបានមកជួលផ្ទះ ស្នាក់នៅរយៈពេលយូរនៅក្នុងមូលដ្ឋានរបស់លោក អោយមកចាក់វ៉ាក់សាំងផងដែរ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តកណ្តាល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែមិថុនាមកនោះ នៅដំណាក់កាលដំបូងខេត្តបានទទួលវ៉ាក់សាំងប្រមាណជិត៦០ម៉ឺនដូស មានផែនការចាក់លើមនុស្សប្រមាណជាង៩០ម៉ឺននាក់។ បើតាមការបញ្ជាក់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា នៅក្នុងយុទ្ធនាការចាក់នេះ គោលដៅអាទិភាពដែលទទួលបានចាក់មុនគេ គឺពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមហានិភ័យ មានដូចជា ពលរដ្ឋអតីតតំបន់ក្រហម តំបន់លឿងទុំ និងក្រុមកម្មករកម្មការិនី បំរើការងារតាមរោងចក្រ ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាលជាដើម៕
អត្ថបទ ស៊ុម សុខជា