សីតុណ្ហភាពនៅតំបន់ខ្លះនៃស៊ីបេរី បានធ្លាក់ចុះដល់ដក ៥៦ អង្សាសេ កាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ខណៈព្យុះទឹកកកបានគ្របដណ្តប់ទីក្រុងមូស្គូ ដោយមានធ្លាក់ព្រិលធ្លាក់ខ្លាំង និងរំខានដល់ការហោះហើរ ក្នុងពេលអាកាសធាតុរដូវរងាបានបក់បោកពាសពេញប្រទេសរុស្ស៊ី។

នៅក្នុងសាធារណៈរដ្ឋសាក់ខា ដែលមានទីតាំងនៅភាគឦសាននៃស៊ីបេរី និងជាតំបន់ដែលទីក្រុងយ៉ាគុតស៍ (Yakutsk) ស្ថិតនៅ គឺជាទីក្រុងត្រជាក់បំផុតមួយរបស់ពិភពលោក សីតុណ្ហភាពបានធ្លាក់ចុះក្រោមដក ៥០អង្សារសេ នេះបើយោងតាមស្ថានីយអាកាសធាតុក្នុងតំបន់។

ស្ទើរតែទាំងអស់នៃសាធារណៈរដ្ឋសាក់ខា មានទីតាំងនៅតំបន់ស្រទាប់ដីក្រោមកកជានិច្ចនៅតំបន់ប៉ូល។ នៅក្នុងរដ្ឋធានី យ៉ាគុតស៍ នៃតំបន់នេះ ដែលស្ថិតនៅចម្ងាយប្រហែល ៥ពាន់គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងម៉ូស្គូ សីតុណ្ហភាពមានកម្រិតប្រហែលពី ដក ៤៤អង្សារសេ ដល់ ដក 47អង្សារសេ។

សីតុណ្ហភាពកម្រិត ដក ៥០អង្សារសេ បានក្លាយទៅជារឿងធម្មតាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបម្រែបម្រួលអាកាសធាតុ ខណៈតំបន់ស្រទាប់ដីក្រោមកកជានិច្ច បង្ហាញសញ្ញានៃការរលាយ។
នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ការធ្លាក់ព្រិលដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីថ្ងៃទី៣ ខែធ្នូ បានធ្វើឱ្យតំបន់មួយចំនួននៃទីក្រុងម៉ូស្គូ គ្របដណ្តប់ដោយព្រិលដែលមានកម្ពស់ជាង ៣៥សង់ទីម៉ែត្រក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ជើងហោះហើរត្រូវបានពន្យារពេលនៅអាកាសយានដ្ឋានមួយចំនួនរបស់ទីក្រុងម៉ូស្គូ ហើយសីតុណ្ហភាពនៅទីក្រុងនេះ និងតំបន់ជុំវិញរដ្ឋធានី ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ប្រហែលដក ២០អង្សារសេ នៅចុងសប្តាហ៍នេះ៕