ក្រុមអាជ្ញាធរអ៊ីស្រាអែល កំពុងស៊ើបអង្កេតការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលថាវិនិយោគិនមួយចំនួនប្រហែលជាបានដឹងជាមុនអំពីផែនការរបស់ក្រុមហាម៉ាស ដើម្បីវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ហើយបានប្រើប្រាស់ព័ត៌មាននោះដើម្បីរកប្រាក់ចំណេញពីមូលប័ត្រអ៊ីស្រាអែល។

ការស្រាវជ្រាវដោយសាស្ត្រាចារ្យច្បាប់ លោក រ៉ូប៊ឺត ជែកសុន ជូនៀ (Robert Jackson Jr) មកពីសាកលវិទ្យាល័យញ៉ូវយ៉ក និងសាស្ត្រាចារ្យ ហូស័រ មីតស៍ (Joshua Mitts) នៃសាកលវិទ្យាល័យកូឡំប៊ី បានរកឃើញការលក់ភាគហ៊ុនរយៈពេលខ្លីដែលនាំទៅដល់ការវាយប្រហារ និងដែលបង្កឱ្យមានសង្រ្គាមរយៈពេលជិតពីរខែមកនេះ។

អ្នកនាំពាក្យរបស់និយ័តករមូលប័ត្រមិនបានបញ្ជាក់លម្អិតទេ ហើយនគរបាលអ៊ីស្រាអែល ក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះដែរ។
ក្រុមអ្នកស្រាវជ្រាវទាំងនោះបាននិយាយថា ការលក់ភាគហ៊ុនរយៈពេលខ្លី ដែលក្នុងនោះអ្នកវិនិយោគរំពឹងថាតម្លៃភាគហ៊ុននឹងធ្លាក់ចុះ អនុញ្ញាតឱ្យភាគហ៊ុនទាំងនោះត្រូវបានទិញត្រឡប់មកវិញក្នុងតម្លៃទាបដើម្បីបានប្រាក់ចំណេញមុនថ្ងៃទី៧ ខែតុលា «លើសពីការលក់រយៈពេលខ្លីដែលបានកើតឡើងក្នុងអំឡុងពេលផ្សេងទៀតនៃវិបត្តិ»។

នោះរួមមានការធ្លាក់ចុះសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ សង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ឆ្នាំ២០១៤ និងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ជាដើម៕