ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក WHO នឹងបើកសម័យប្រជុំបន្ទាន់ដ៏កម្រមួយនៅថ្ងៃទី១០ ខែធ្នូ ដើម្បីពិភាក្សាអំពីវិបត្តិសុខភាពនៅតំបន់ហ្កាហ្សា និងតំបន់វេស បែង ដោយបេសកជនប៉ាឡេស្ទីន កំពុងស្វះស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែម និងការទទួលបានបុគ្គលិកថែទាំសុខភាពបរទេស។

អង្គការ WHO បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលសំណើពីប្រទេសចំនួន ១៥ ដើម្បីរៀបចំសម័យប្រជុំនេះ ដែលនឹងត្រូវបានកោះប្រជុំដោយអគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អែដហាណូម ហ្គេប្រេយ៉េសូស (Tedros Adhanom Ghebreyesus) ក្នុងការពិគ្រោះយោបល់ជាមួយប្រធាននៃប្រទេសកាតា។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អ៊ីប្រាហីម ខ្រៃស៊ី (Ibrahim Khraishi) បាននិយាយថា កិច្ចប្រជុំនេះនឹងផ្តោតភាគច្រើនលើតំបន់ហ្កាហ្សា ដែលរងគ្រោះដោយសង្រ្គាមរវាងមេដឹកនាំក្រុមហាម៉ាស និងអ៊ីស្រាអែល ប៉ុន្តែក៏គ្របដណ្តប់លើការវាយប្រហារលើវិស័យសុខាភិបាលនៅតំបន់វេស បែង ដែលកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។

អ៊ីស្រាអែលបាននិយាយថា សម័យប្រជុំនេះគឺជាឧទាហរណ៍នៃ «ស្តង់ដារពីរ និងការយកចិត្តទុកដាក់មិនសមាមាត្រចំពោះអ៊ីស្រាអែលនៅក្នុងសង្វៀនពហុភាគី»។ មន្ទីរពេទ្យហ្កាហ្សា នៅសល់តែមួយចំនួនប៉ុណ្ណោះដែលនៅតែដំណើរការ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យដែលនៅតែដំណើរការទាំងនោះ ត្រូវបានគ្របដណ្តប់កាន់តែច្រើនឡើងដោយរលកថ្មីនៃអ្នករបួស៕