ពលរដ្ឋបានជួបការលំបាកនៅតាមដងផ្លូវលិចទឹក និងក្រោមភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ខណៈពួកគេត្រៀបទប់ទល់នឹងឥទ្ធិពលនៃព្យុះស៊ីក្លូនដែលនឹងវាយបក់ខ្លាំង។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ និងមន្ត្រីជាន់ខ្ពស់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់នៅក្នុងរដ្ឋ Tamil Nadu ដែលក្នុងនោះមានមនុស្ស២នាក់បានស្លាប់នៅពេលជញ្ជាំងអគារបានបាក់រលំ។

សារព័ត៌មាន Reuters បានរាយការណ៍ថា មានការដាច់ចរន្តអគ្គិសនី ចាប់តាំងពីព្រឹកថ្ងៃច័ន្ទមក ខណៈ រដ្ឋនៅប្រទេសឥណ្ឌាភាគខាងត្បូងចំនួនពីរ គឺរដ្ឋ Andhra Pradesh និងរដ្ឋ Tamil Nadu កំពុងត្រៀមទប់ទល់សម្រាប់ព្យុះស៊ីក្លូន Michaung ។
ការិយាល័យអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះស៊ីក្លូន Michaung ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោកមកលើឆ្នេរសមុទ្ររដ្ឋ Andhra Pradesh នៅព្រឹកថ្ងៃអង្គារនេះ ដោយមានខ្យល់បក់ក្នុងល្បឿន ៩០ ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះខ្យល់រហូតដល់១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរនៅក្នុងរដ្ឋទាំងពីរ កំពុងប្រកាសអាសន្នកម្រិតខ្ពស់ ដោយបានជម្លៀសប្រជាជនរាប់ពាន់នាក់ដែលរស់នៅតាមតំបន់ឆ្នេរ និងបានចេញការព្រមានដល់អ្នកនេសាទ កុំឱ្យចេញដំណើរទៅសមុទ្រ។