ជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋកាដុណា (Kaduna) ភាគខាងជើងនៃប្រទេសនីហ្ស៊េរីយ៉ា បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់យោធា សំដៅទៅលើក្រុមបះបោរ និងក្រុមចោរកាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមអភិបាលរដ្ឋ មេដឹកនាំសាសនា និងសាក្សីបាននិយាយកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ)។

យោធារបស់ប្រទេសនីហ្ស៊េរីយ៉ា ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្តមិនមែនលោកខាងលិចផ្សេងទៀតនៅក្នុងសង្រ្គាមដ៏យូរប្រឆាំងនឹងក្រុមបះបោរអ៊ីស្លាមនៅភាគឦសាននោះ ក៏បាននិងកំពុងបញ្ចេញការវាយប្រហារតាមអាកាសយ៉ាងបង្ហូរឈាមអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ។

អភិបាលរដ្ឋកាដុណា លោក អ៊ុបា សានី (Uba Sani) បាននិយាយថា ជនជាតិមូស្លីមដែលចូលរួមក្នុងពិធីបុណ្យ ម៉ូលុត (Maulud) នៅក្នុងភូមិទុដាន ប៊ីរី (Tudun Biri) «ត្រូវបានសម្លាប់ដោយច្រឡំ និងមនុស្សជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារដោយយានដ្រូនយោធា សំដៅទៅលើក្រុមភេរវករ និងក្រុមចោរ»។

លោក សានី មិនបានផ្តល់ការចង្អុលបង្ហាញអំពីចំនួនអ្នកស្លាប់នោះទេ ប៉ុន្តែមេដឹកនាំសាសនាម្នាក់បាននិយាយថា មានមនុស្សស្លាប់ចំនួន ៥០នាក់ បុន្តែសាក្សីពីរនាក់បាននិយាយថា មនុស្ស៨០នាក់ ត្រូវបានសម្លាប់៕