បាល់ទាត់៖ កីឡដ្ឋាន Wembley របស់អង់គ្លេស នឹងបើកឲ្យអ្នកគាំទ្រចូលទស្សនាដល់ពាក់កណ្ដាលនៃចំនួនកៅអីសរុប នៅវគ្គចាញ់ធ្លាក់នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២០ ខាងមុខ បន្ទាប់ពីគំរោងនេះត្រូវបានយល់ព្រមដោយរដ្ឋាភិបាលអង់គ្លេស។

Wembley ក៏មានទទួលការប្រកួតនៅក្នុងវគ្គចែកពូលដែរ តែអាចទទួលអ្នកគាំទ្របានត្រឹម ២ម៉ឺននាក់ប៉ុណ្ណោះ។ អង់គ្លេសបានបើកកីឡដ្ឋាន Wembley ទទួលភ្ញៀវក្រូអាស៊ីនៅក្នុងពូល D ដោយបានយកឈ្នះ ១-០ មុនបន្តជួបជាមួយស្កុតឡេន និងឆេកសុទ្ធតែលេងនៅ Wembley ទាំងអស់។ Wembley នឹងបន្តទទួលការប្រកួតនៅវគ្គ ១៦ក្រុមចុងក្រោយ ២ប្រកួត, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ប្រកួត និងវគ្គផ្ដាច់ព្រ័ត្រ។
មិនត្រឹមតែ Wembley ទេ ការប្រកួត Grand Slam, Wimbledon ក៏នឹងបើកឲ្យអ្នកចូលទស្សនាពេញកីឡដ្ឋានតែម្តង នៅវគ្គផ្ដាច់ព្រ័ត្រទាំងផ្នែកបុរស និងនារី។ Wimbledon ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែមិថុនានេះនឹងបើកឲ្យអ្នកចូលទស្សនាពាក់កណ្ដាល នៃចំនួនកៅអីក្នុងកីឡដ្ឋាននីមួយៗ៕
អត្ថបទ៖នាង សុភាវុធ