អ្នកឡើងភ្នំចំនួន១៣នាក់ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ហើយ ១០នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ដោយក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងសែងអ្នកនៅរស់រានមានជីវិត មានរបួស និងរលាកភ្លើងចុះពីលើភ្នំដោយថ្មើរជើង។
ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នកឡើងភ្នំរាប់សិបនាក់ ដែលជាប់ខ្លួននៅលើភ្នំម៉ារ៉ាពី (Marapi) នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើងនេះបានព្រួសកម្ទេចផេះឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ។
យោងតាមមន្ត្រីជួយសង្គ្រោះក្នុងតំបន់ អ្នកឡើងភ្នំដែលបានស្លាប់ ត្រូវបានរកឃើញនៅជិតមាត់រណ្ដៅភ្នំភ្លើង ម៉ារ៉ាពី ក្រោយភ្នំភ្លើងកម្ពស់២.៨៩១ ម៉ែត្រ បានព្រួសកម្ទេចផេះគ្របដណ្ដប់លើភូមិឋាននានាក្បែរៗនោះ ។
មន្ត្រីបាននិយាយថា មនុស្ស ១០ នាក់ទៀតនៅតែបាត់ខ្លួន បីនាក់ទៀតត្រូវបានរកឃើញនៅរស់រានមានជីវិត និង៤៩នាក់បានចាកចេញពីតំបន់ក្បែរមាត់រណ្ដៅដោយសុវត្ថិភាព ដោយខ្លះរលាកភ្លើង និងបាក់ឆ្អឹង។
ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក លោក អាប់ឌុល ម៉ាលីគ (Abdul Malik) បាននិយាយថា ក្រុមអ្នកសង្រ្គោះកំពុងនាំយកអ្នករបួសទាំងនោះចុះមកក្រោមជាបន្តបន្ទាប់។ យើងមិនអាចប្រើឧទ្ធម្ភាចក្រស្វែងរកនៅលើអកាសបានទេ ព្រោះភ្នំភ្លើងកំពុងផ្ទុះនៅឡើយ ដោយបន្ថែមថា មានក្រុមអ្នកសង្រ្គោះចំនួន១២០នាក់ក្នុងចូលរួមក្នុងបេសកកម្មសង្គ្រោះនេះ៕
