សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន ៤ ក្នុងនោះក៏បាន ឧបត្ថម្ភសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ និងជំងឺអេដស៍ផងដែរ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានឱ្យដឹងថា កញ្ចប់គ្រួសារដែលត្រូវអនុវត្តន៍នោះលើគ្រួសារគោលដៅចំនួន ៤ រួមមាន ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ អាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព។ ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។
សម្តេចធិបតី បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នេះ ក៏ជាទម្រសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ ខណៈកម្មវិធីជំនួយសង្គមថ្មីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា
