កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ផ្លូវសំខាន់មួយ នៅតំបន់ហ្កាហ្សា គឺជា «សមរភូមិប្រយុទ្ធ» ខណៈដែលខ្លួន បានអះអាងថា ខ្លួនកំពុងបើកច្រករបៀងមនុស្សធម៌ថ្មីមួយសម្រាប់ជនស៊ីវិល ក្នុងការជម្លៀសចេញ។

កងកម្លាំងការពារនេះ បានបន្ថែមថា ការរុលទៅមុខរបស់កងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើង និងខាងកើតនៃទីក្រុង Khan Younis មានន័យថា ជនស៊ីវិល មិនអាចធ្វើដំណើរតាមដងផ្លូវ Salah al-Din ដែលឆ្លងកាត់ទឹកដីប៉ាឡេស្ទីនបានទៀតទេ។

ផ្លូវនេះ «គឺជាសមរភូមិ ដូច្នេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងការទៅទីនោះ»។
កងកម្លាំងការពារអ៊ីស្រាអែល បានបន្តថា ខ្លួនបានបើកផ្លូវវាងថ្មីសម្រាប់ជនស៊ីវិលទៅភាគខាងលិចនៃទីក្រុង Khan Younis។
ការបើកផ្លូវវាងនេះ កើតឡើង នៅពេលដែលរថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង បានសម្រុកទៅភាគខាងត្បូងបន្ថែមទៀត ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។