យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀសប្រជាជនមួយភាគប្រាំរស់នៅទីក្រុងធំតំបន់ហ្កាហ្សាភាគខាងត្បូង ខណៈខ្លួនពង្រីកការវាយលុកតាមដីគោកទៅលើក្រុមហាម៉ាស។ ផែនទី បានបង្ហាញតំបន់ភាគខាងជើង និងភាគកណ្តាលចំនួន៦តំបន់ នៅទីក្រុង Khan Younis ជាកន្លែងដែលមនុស្សប្រមាណ ១៦៧.០០០ នាក់ ចាំបាច់ត្រូវតែចាកចេញ។

សាក្សីបានរាយការណ៍ថា បានឃើញរថក្រោះច្រើនគ្រឿងទៅភាគខាងកើត ហើយវេជ្ជបណ្ឌិតម្នាក់ និយាយថា មន្ទីរពេទ្យក្នុងតំបន់មួយកន្លែងបានគ្របដណ្ដប់ដោយជនរងគ្រោះច្រើនលើសលប់។ នៅទីក្រុងតំបន់ហ្កាហ្សា ការរាយការណ៍និយាយថា មនុស្ស៥០ នាក់ បានស្លាប់នៅពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើសាលារៀន២ កន្លែង។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានឲ្យដឹងថា ពួកគេបានស្លាប់នៅក្នុងសាលារៀនដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួននៅក្នុងសង្កាត់ជិតខាង Daraj របស់ទីក្រុង។ ពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋចំនួន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងជ្រកកោននៅភាគខាងត្បូង បន្ទាប់ពីត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញពីភាគខាងជើងកាលពីពេលមុន។
យោធាអ៊ីស្រាអែល និយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជាមួយកងកម្លាំងដ៏ខ្លាំងក្លានៅភាគខាងត្បូង ដូចដែលខ្លួនបានធ្វើនៅភាគខាងជើង ជាកន្លែងដែលមានការបំផ្លាញយ៉ាងច្រើនក្នុងរយៈពេលប្រាំបីសប្តាហ៍កន្លងទៅនេះ។ អ៊ីស្រាអែល បានបើកយុទ្ធនាការទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនមិនធ្លាប់មាន ពីក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាសកាលពីថ្ងៃទី ៧ តុលា។
បទឈប់បាញ់បណ្តោះអាសន្ន មានរយៈពេលប្រាំពីរថ្ងៃ ដែលនាំទៅដល់ការដោះលែងចំណាប់ថ្នូរចំនួន ១០៥នាក់ និងពលរដ្ឋប៉ាឡេស្ទីនចំនួន ២៤០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលបានផុតពេលកំណត់កាលពីថ្ងៃសុក្រ សប្តាហ៍មុន។