ក្រុមអ្នកវិទ្យាសាស្ត្របានព្រមាននៅថ្ងៃអង្គារ (០៥ ធ្នូ) នេះថា សីតុណ្ហភាពពិភពលោកអាចនឹងឆ្លងផុតកម្រិតកម្ដៅផែនដី ១,៥អង្សារសេក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីត បន្តកើនឡើង ដោយដាស់តឿនប្រទេសនានាក្នុងកិច្ចពិភាក្សា COP28 ឱ្យ «មានចំណាត់ការឥឡូវនេះ» លើបញ្ហាធ្យូងថ្ម ប្រេង និងការបំពុលឧស្ម័ន។

ខ្សែបន្ទាត់ដ៏គ្រោះថ្នាក់កំពុងត្រូវបានគូរជុំវិញអនាគតនៃឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងឌុយបៃ ដោយបណ្ដាប្រទេសបង្កកង្វក់បរិយាកាសធំៗព្យាយាមអំពាវនាវឱ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ថាមពលពឹងផ្អែកឧស្ម័នកាបូន ដែលទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ បង្កឡើងដោយមនុស្ស។

ការបំពុលឧស្ម័នកាបូនឌីអុកស៊ីត នៃឥន្ធនៈហ្វូស៊ីលបានកើនឡើង ១,១ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមសមាគមអន្តរជាតិនៃអ្នកវិទ្យាសាស្ត្រអាកាសធាតុ នៅក្នុងការវាយតម្លៃគម្រោងឧស្ម័នកាបូនសកលប្រចាំឆ្នាំរបស់ពួកគេ ជាមួយនឹងការកើនឡើងនៃការបំភាយឧស្ម័ននៅក្នុងប្រទេសចិន និងឥណ្ឌា ដែលឥឡូវនេះក្លាយជាប្រភពបញ្ចេញឧស្ម័នធំបំផុតទីមួយ និងទីបីរបស់ពិភពលោក។
ក្រុមអ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណថាមានឱកាស ៥០ភាគរយនៃការឡើងកម្ដៅផែនដី នឹងលើសពីគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺកម្រិត ១,៥អង្សាសេក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតត្រឹមឆ្នាំ២០៣០ ទោះបីជាពួកគេបានកត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញការឡើងកម្ដៅដោយសារឧស្ម័នផ្ទះកញ្ចក់ដែលមិនមែនជាឧស្ម័នកាបូនឌីអុកស៊ីតក៏ដោយ៕