រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដាក់សម្ពោធកម្មវិធីជំនួយសង្គមថ្មីចំនួន២ រួមមានកម្មវិធីកញ្ចប់គ្រួសារ និងកម្មវិធីពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន។ ក្រោយប្រកាសដាក់សម្ពោធនៅថ្ងៃនេះ ក្រុមគោលដៅស្ថិតក្នុងគ្រួសារក្រីក្រ បង្ហាញភាពសប្បាយចិត្តជាខ្លាំង ដែលរាជរដ្ឋាភិបាលបន្តផ្ដល់ថវិកាជួយពួកគេជារៀងរហូត។
កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីជាតិមានលក្ខណៈអចិន្ត្រៃយ៍ ផ្តោតសំខាន់ជួយដល់ក្រុមគោលដៅ ដែលរស់នៅក្នុងគ្រួសារក្រីក្រដែលមានបណ្ណសមធម៌។ កម្មវិធីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែ មេសា ឆ្នាំ ២០២៤ ដោយវាជាកម្មវិធីទម្រ ចូលមកជំនួស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។
សម្រាប់ក្រុមគោលដៅ ជាជនមានពិការភាព និងមនុស្សវ័យចាស់ ដែលមានបណ្ណក្រីក្រ រស់នៅក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ បានលើកឡើងពីសប្បាយចិត្តជាខ្លាំង នៅពេលពួកគេទទួលដំណឹងថា រាជរដ្ឋាភិបាលនឹងបន្តជួយថវិកាដល់ពួកគេជារៀងរហូត។ ពួកគេលើកឡើងដែរថា រាជរដ្ឋាភិបាលតែងគិតគូពីប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រដូចពួកគេ ជាក់ស្ដែងពួកគេទទួលបានថវិកាជាប្រចាំខែ តាំងការរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០មកម្លេះ។
សម្រាប់ការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមថ្មីនេះ ឯកឧត្តម ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងថា វាជាកម្មវិធីជំនួយសង្គមគ្រប់ជ្រុងជ្រោយ ជួយដល់ពលរដ្ឋក្រីក្រចាប់តាំងពីចាប់កំណើតនៅក្នុងផ្ទៃ។
តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដដែល បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២៤ខាងមុខ រាជរដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ៕ អត្ថបទ៖ គឹម ហុក