សិស្សសិស្សានុសិស្សទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ និងឆ្នាំកន្លងមក ក្នុងនោះមានសិស្សខ្លះ ស្ថិតក្នុងបន្ទុកជីវភាពគ្រួសារក្រក្រី ខ្លះងាយរងហានិភ័យជាដើម គឺបាននាំគ្នាទៅចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល តាមការផ្សព្វផ្សាយ ការណែនាំរបស់វិទ្យាស្ថាន និងអាជ្ញាធរឃុំសង្កាត់។
សិស្សានុសិស្សដែលបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាប់ BTV នៅថ្ងៃទី៥ ខែវិច្ឆិកានេះថា នៅពេលពួកគេបានសម្រេចចិត្តជ្រើសរើសយកជំនាញ បច្ចេកទេសមួយរបស់រាជរដ្ឋាភិបាល ចុះឈ្មោះចូលរៀននៅក្នុងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដើម្បីងាយទិសដៅ រៀនឆាប់ចប់ ឆាប់មានការងារធ្វើ និងឆាប់បានថវិកាជួយសម្រាលស្ថានភាពជីវភាពក្នុងគ្រួសារ។
ឯកឧត្តម ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ថ្លែងថា ចាប់តាំងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣បានបញ្ចប់ វិទ្យាស្ថានបានចុះសហការជាមួយក្រុមប្រឹក្សាឃុំសង្កាត់ បានអំពាវនាវ និងរៀបចំឲ្យកូនចៅពលរដ្ឋក្រីក្រ និងងាយរងហានិភ័យចូលរៀនជំនាញវិជ្ជាជីវៈ ដោយមិនមានការបង់ថ្លៃ និងមានផ្តល់អាហារូបករណ៍ដោយរាជរដ្ឋាភិបាលមករហូតមក។ លោកសម្គាល់ឃើញមានសិស្សទើបប្រឡងបាក់ឌុបរួចហើយសិស្សស្ថិតក្នុងបន្ទុកជីវភាពគ្រួសារក្រីក្រនានា បាននាំគ្នាមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យរបស់រាជរដ្ឋាភិបាល ១.៥ លាននាក់ គឺបានសម្រេចផ្តល់ការសិក្សាដោយមិនបង់ថ្លៃ ហើយសម្រាប់សិស្ស និងយុវជនណាដែលមានបណ្ណសមធម៌ ក្រីក្រ និងបណ្ណងាយរងហានីភ័យ រាជរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀនក្នុងមួយខែ និងការស្នាក់នៅផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា