តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ពលរដ្ឋខណ្ឌកំបូលបានស្នើអាជ្ញាធរជួយដោះស្រាយតបណ្តាញទឹកស្អាតចូលទៅកាន់លំនៅដ្ឋាន និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា។
ក្រុមប្រឹក្សារាជធានីភ្នំពេញបានរៀបចំធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន សម្រាប់ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅមូលដ្ឋានខណ្ឌកំបូល ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ចំនួន ១៤នាក់ ដោយស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ និងសុំជួយដាក់ភ្លើងស្តុបតាមផ្លូវមួយចំនួនជាដើម។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានឆ្លើយតបនូបការលើកឡើងជាសំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ដូចជាសុំស្ថាបនាផ្លូវ ការតណ្តាញទឹកស្អាត ការស្តារប្រឡាយជាដើមនោះ មានសំណើរខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានី និងខណ្ឌរួចហើយ ហើយអ្វីដែលមិនមាននៅក្នុងគម្រោង អាជ្ញាធរខណ្ឌនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះការសុំឲ្យអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងឲ្យអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្ត។

លោក ស៊ុយ សេរិទ្ធ បានលើកឡើងថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំឲ្យលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានគិតគូរណាស់។ ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាល មានគម្រោងធំមួយ ដោយនឹងប្រើប្រាស់ថវិការហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ។ គម្រោងនេះមួយផ្នែក ត្រូវដោះស្រាយលើការបង្វែរផ្លូវទឹកកុំឲ្យចូលមករាជធានីភ្នំពេញ និងមួយផ្នែកទៀត បង្កើតនូវប្រព័ន្ធលូ ប្រឡាយដើម្បីរំដោះទឹកចេញ។
លោក ស៊ុយ សេរិទ្ធ បន្ថែមថា តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់ជំនាញនៅមានកម្រិត ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយតែចំពោះតែគម្រោងណាដែលចាំបាច់បំផុតប៉ុណ្ណោះ សម្រាប់សំណើរផ្សេងទៀតអាជ្ញាធរនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។
ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើង ដើម្បីឲ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋឲ្យអាជ្ញាធរបានដឹងឮ ហើយរួមគ្នាដោះស្រាយ ។ វេទិកានេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ។ វេទិកានេះ ក៏ចង់បង្ហាញឲ្យឃើញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមក ថាតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឲ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយ និងការផ្តល់សេវាសាធារណៈបានកាន់តែល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



