ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ឯកឧត្តមបានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំងការរៀបចំក្រុមការងារ ដោយមានសមាសភាពដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាពទាំងទម្រង់ និងទាំងជម្រៅខ្លឹមសារ នៃការងាររៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាការងារសិក្សាស្រាវជ្រាវលើប្រធានបទផ្សេងៗ ដើម្បីជាគុណប្រយោជន៍សម្រាប់ការតាក់តែង និងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាការកែទម្រង់របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានផ្តល់ការណែនាំដល់ ក.ស.វ. ឱ្យសម្រួចលើការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ទាំងកម្រិតម៉ាក្រូ កម្រិតវិស័យ និងកម្រិតមីក្រូ លើបញ្ហារចនាសម្ព័ន្ធ ដោយផ្តោតការគិតគូរជាពិសេសទៅលើបរិយាកាសធុរកិច្ច បញ្ហាជំនាញ និងការទាក់ទាញការវិនិយោគបរទេស ហើយត្រូវផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវអនុវត្តខាងលើឱ្យបានទូលំទូលាយ។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរដល់ថ្នាក់ដឹកនាំនៃ ក.ស.វ. ដើម្បីពង្រឹងប្រព័ន្ធការងារ និងការប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស តាមរយៈការរៀបចំផែនការអភិវឌ្ឍស្ថាប័ន និងផែនការយុទ្ធសាស្រ្តរបស់ ក.ស.វ.៕




