អ៊ីស្រាអែល៖ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់អ៊ីស្រាអែល លោក Yair Lapid បានចូលកាន់តួនាទីជាផ្លូវការកាលពីថ្ងៃចន្ទ បន្ទាប់ពីពិធីប្រគល់ និងទទួលតំណែងជាមួយអ្នកកាន់តំណែងមុនរបស់លោកគឺលោក Gabi Ashkenazi។

លោក Lapid ដែលស្ថិតក្រោមកិច្ចព្រមព្រៀងចម្រុះ នឹងកាន់តំណែងសម្រាប់រយៈពេល ២ឆ្នាំដំបូង ហើយបន្ទាប់មកក្លាយជានាយករដ្ឋមន្ត្រីនោះបានថ្លែងថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken រួចហើយ អ្នកទាំងពីរបានព្រមព្រៀងគ្នា ''កសាងទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងកិច្ចពិភាក្សាល្អប្រសើរ''។ លោក Lapid បានសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ដែលលោកបាននិយាយថា បានក្លាយជារឿង "គួរឱ្យអាម៉ាស់ និងគ្រោះថ្នាក់" ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu។
លោកបាននិយាយថា លោកនឹងធ្វើការដើម្បីពង្រឹងសន្តិភាពជាមួយរដ្ឋតំបន់ឈូងសមុទ្រ អេហ្ស៊ីប និងហ្ស៊កដានី និងផ្សះផ្សាទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងប្រជាពលរដ្ឋជ្វីហ្វ អាមេរិកជាទំនាក់ទំនងដែលលោក Lapid បាននិយាយថា បានដើរថយក្រោយនៅក្រោមការដឹកនាំរបស់លោក Netanyahu៕
អត្ថបទ៖ សុខមាន