ភ្នំពេញ៖ បន្ទាប់ពីការប្រារព្ធពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ បានដំណើរការកិច្ចប្រជុំពេញអង្គលើកទី១ របស់ខ្លួន ដោយនៅក្នុងនោះមានការថ្លែងសុន្ទរកថា គន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក។
ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភា CLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទំាងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយ តំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
សម្តេចបញ្ជាក់ថា ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់ CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន ១៣ ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។
ដើម្បីសម្រេចចក្ខុវិស័យនេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យឱ្យស្អិតរមួត រវាងប្រទេសទាំងបី ដោយផ្តោតលើការកសាងផែនការមេទេសចរណ៍ ប្រកបដោយគុណភាពជាប្រព័ន្ធ និងងាយស្រួលអនុវត្ត ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យក្លាយជាយន្តការ នៃការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើមប្រទេស ៣ គោលដៅទេសចរណ៍តែមួយ៕








