ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត នៅថ្ងៃទី៥ ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់គម្រោងស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពជា។
ពិធីនេះរៀបចំឡើង នៅសាលប្រជុំអគារ KAMPUS ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងជំនាញការបច្ចេកទេសជប៉ុនរបស់គម្រោងផងដែរ។ នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម។
សំណេរដដែលបានបន្តថា វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល ១១ថ្ងៃ ពោលចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងកិច្ចសហការបច្ចេកទេស JICA មានសិក្ខាកាមចូលរួមសរុប ៣១នាក់ ដែលជាមន្ត្រីសមភាគីគម្រោង មន្រ្តីនាយកដ្ឋានវិស្វកម្ម មន្រ្តីនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ និងមន្រ្តីនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស៕



