
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃចន្ទ បានទាមទារថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប និងថវិការាប់ពាន់លានអឺរ៉ូសម្រាប់ប្រទេស ដែលហែកហួរដោយសង្រ្គាម គួរត្រូវដកចេញពីរបៀបវារៈកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំប្លុកនេះ នៅសប្តាហ៍ក្រោយ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំកំពូល នៅថ្ងៃទី ១៤-១៥ខែធ្នូ នៅទីក្រុងប្រ៊ុចសែល លោក Orban បានទទូចថា៖«ការពិភាក្សាជាយុទ្ធសាស្ត្រ» គឺចាំបាច់ជាដំបូងអំពីអនាគតអឺរ៉ុបរបស់អ៊ុយក្រែន ហើយបានព្រមានថា ការបង្ខំឲ្យមានការសម្រេចចិត្ត អាចបំផ្លាញសាមគ្គីភាពរបស់សហភាពអឺរ៉ុប។
ការសម្រេចចិត្តលើការពង្រីករបស់សហភាពអឺរ៉ុប និងការពិនិត្យឡើងវិញលើថវិការយៈពេលវែងរបស់ខ្លួន ដែលរួមមាន ៥០ពាន់លានអឺរ៉ូ (៥៤,១ពាន់លានដុល្លារ) ជាជំនួយសម្រាប់ទីក្រុងគីវ អាចត្រូវបានធ្វើឡើងជាឯកច្ឆន្ទដោយប្រទេសសមាជិកទាំង ២៧ប៉ុណ្ណោះ។
លោក Orban បានសរសេរនៅក្នុងលិខិតចុះថ្ងៃទី៤ ខែធ្នូ និងបានឃើញដោយសារព័ត៌មានAPថា៖«ខ្ញុំសូមទទូចដល់អ្នកកុំអញ្ជើញក្រុមប្រឹក្សាអឺរ៉ុបឲ្យសម្រេចចិត្តលើបញ្ហាទាំងនេះ នៅក្នុងខែធ្នូ ពីព្រោះថា ការខ្វះការយល់ស្របជាក់ស្តែង នឹងនាំទៅរកការបរាជ័យ»។