
ចំនួនអ្នកស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្តមានលើសពី ១៧.៣០០នាក់ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៥.៨៩៩នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា មក។
លោក អាស្រាហ្វ អាលកេដ្រា (Ashraf al-Qedra) អ្នកនាំពាក្យក្រសួងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង ខាន់ យ៉ូនីស (Khan Yunis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ថាចំនួនអ្នករងរបួសបានកើនឡើងដល់ជាង ៤២.០០០នាក់ ខណៈជនរងគ្រោះ ៧០ភាគរយជាកុមារ និងស្ត្រី។
យោងតាមក្រសួងសុខភាពប៉ាឡេស្ទីន មនុស្ស ២៤២នាក់ត្រូវបានសម្លាប់នៅតំបន់វេស បែង គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា។ ទិន្នន័យពីអ៊ីស្រាអែល បានបង្ហាញថាចំនួនអ្នកស្លាប់របស់ខ្លួនគឺប្រហែល ១.២០០នាក់។
ការប្រយុទ្ធគ្នាបានបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ បានបង្កើនការវាយលុកថ្មើរជើងរបស់ខ្លួននៅតំបន់ហ្កាហ្សា ភាគខាងត្បូង។
អ្នកស្រុកមួយចំនួនធំនៅទីក្រុង ខាន់ យ៉ូនីស បានភៀសខ្លួនទៅកាន់ច្រកព្រំដែនរ៉ាហ្វាហ្វ កាលពីព្រឹកថ្ងៃច័ន្ទ ខណៈដែលកងទ័ពអ៊ីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងនេះនឹងក្លាយទៅជាសមរភូមិ ហើយបានព្រមានអ្នកស្រុកឱ្យជម្លៀសចេញ៕