
ប្រទេសនេប៉ាល់បាននិយាយថា ខ្លួនបានស្នើទីក្រុងមូស្គូ កុំឱ្យជ្រើសរើសពលរដ្ឋរបស់ខ្លួនចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី ហើយបញ្ជូនទាហាននេប៉ាល់ដែលទទួលបន្ទុកនៅទីនោះត្រឡប់ទៅប្រទេសតំបន់ភ្នំហិម៉ាឡៃនេះវិញភ្លាមៗ បន្ទាប់ពីតួលេខបានបង្ហាញពីទាហានចំនួន ៦នាក់ដែលបម្រើយោធារុស្ស៊ី ត្រូវបានសម្លាប់។
ទាហាននេប៉ាល់ ត្រូវបានគេហៅថា ហ្គួខាស (Gurkhas) មានភាពល្បីល្បាញដោយសារភាពក្លាហាន និងជំនាញប្រយុទ្ធរបស់ពួកគេ ហើយបានបម្រើកងទ័ពអង់គ្លេស និងឥណ្ឌា បន្ទាប់ពីឯករាជ្យរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៤៧ ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសទាំងបី។
ប្រជាជាតិដ៏តូចនៃតំបន់ភ្នំហិម៉ាឡៃមួយនេះ ដែលមានចំណងរវាងចិន និងឥណ្ឌា មិនមានកិច្ចព្រមព្រៀងបែបនេះជាមួយរុស្ស៊ី ដែលបានលុកលុយប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយបានចូលរួមក្នុងសង្រ្គាមតាំងពីពេលនោះមក។
រដ្ឋាភិបាលនេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋរបស់ខ្លួនចំនួន ៦នាក់ ដែលបានបម្រើកងទ័ពរុស្ស៊ី ត្រូវបានសម្លាប់ដោយមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង កដ្ឋមណ្ឌូ (Kathmandu) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ជនជាតិនេប៉ាល់រាប់លាននាក់ ត្រូវបានជួលក្នុងការងារស៊ីវិល ភាគច្រើនជាកម្មករនៅក្នុងឧស្សាហកម្ម និងការដ្ឋានសំណង់នៅក្នុងប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី និងមជ្ឈិមបូព៌ាជាដើម៕