
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (០៥ ធ្នូ) នេះថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងល៉ាំង (Min Aung Hlaing) បានអំពាវនាវដល់ក្រុមជនជាតិភាគតិចប្រដាប់អាវុធដែលពាក់ព័ន្ធនឹងការវាយលុកប្រឆាំងនឹងយោធាកំពុងកាន់អំណាចរបស់ប្រទេស ឲ្យដោះស្រាយបញ្ហារបស់ពួកគេ «តាមបែបនយោបាយ»។
សារព័ត៌មានមីយ៉ាន់ម៉ា New Light បានរាយការណ៍ថា «មេដឹកនាំរបបសឹកបានព្រមានថា បើអង្គការប្រដាប់អាវុធនៅតែធ្វើល្ងង់បន្តទៀត ប្រជាពលរដ្ឋក្នុងតំបន់ពាក់ព័ន្ធនឹងទទួលផលអាក្រក់ ដូច្នេះត្រូវគិតគូរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយអង្គការទាំងនោះត្រូវដោះស្រាយបញ្ហារបស់ពួកគេតាមបែបនយោបាយ»។
យោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតក្នុងការក្ដោបក្តាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់តាំងពីឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ មកបន្ទាប់ពីកងកម្លាំងជនជាតិភាគតិចចំនួនបីក្រុមបានបើកការវាយលុកដោយសម្របសម្រួលមួយកាលពីចុងខែតុលា ដោយដណ្តើមបានទីប្រជុំជនមួយចំនួន រួមទាំងតំបន់ពាណិជ្ជកម្មព្រំដែនសំខាន់ៗ និងប៉ុស្តិ៍យោធាជាច្រើន។
រដ្ឋាភិបាលស៊ីវិល ដែលគាំទ្រក្រុមឧទ្ទាមប្រដាប់អាវុធមួយចំនួន បានច្រានចោលការអំពាវនាវរបស់លោក Min Aung Hlaing ក្នុងការអំពាវនាវឱ្យមានការសន្ទនា។
ស្របពេលមានការប្រយុទ្ធគ្នានៅក្នុងរដ្ឋសាន (Shan) ជាប់ព្រំដែនជាមួយប្រទេសចិន រដ្ឋរ៉ាឃីន (Rakhine) និងរដ្ឋជីន (Chin) នៅភាគខាងលិច ក្រុមមន្ត្រីយោធា និងនគរបាលរាប់សិបនាក់បានចុះចាញ់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មានរ៉យទ័រ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញដោយសារការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ៕