សហរដ្ឋអាមេរិក បានឆ្លើយតបដោយប្រុងប្រយ័ត្ន បន្ទាប់ពីប្រទេសបារាំង បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេច អំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាសន្តិសុខ បានជួបប្រជុំបិទទ្វារសម្រាប់សម័យប្រជុំបន្ទាន់មួយបន្ទាប់ពីការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសបារាំងលោក Nicolas de Riviere បានប្រាប់អ្នកសារព័ត៌មានមុនសម័យប្រជុំថា ក្រុមប្រឹក្សាសន្តិសុខគួរតែអនុម័តសេចក្តីសម្រេចដែលអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេលវែង។
លោកអគ្គរដ្ឋទូត បាននិយាយថា «យើងត្រូវការការផ្អាកសង្គ្រាមសម្រាប់បុព្វហេតុមនុស្សធម៌កាន់តែច្រើន យើងត្រូវការបទឈប់បាញ់ដែលនាំទៅរកការផ្អាកប្រយុទ្ធ»។ ព័ត៌មានលម្អិតទាក់ទងនឹងការពិភាក្សារបស់ក្រុមប្រឹក្សានេះពុំត្រូវបានបង្ហាញនោះទេ។ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំ តំណាងជំនួសរបស់សហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយថាលោកមិនជឿថា ក្រុមប្រឹក្សាសន្តិសុខអាចបង្កើតលទ្ធផលដ៏មានប្រយោជន៍នៅចំណុចនេះទេ។
លោក Wood និយាយថា «យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ អនុញ្ញាតឱ្យផ្នែកការទូតស្ថិតនៅលើមូលដ្ឋានដំណើរការឆ្ពោះទៅមុខ ព្រោះតែយើងបានឃើញលទ្ធផលមួយចំនួន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយកាលពីពាក់កណ្តាលខែវិច្ឆិកា។ សេចក្តីសម្រេចនេះ បានអំពាវនាវឱ្យមាន «ការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌ដែលត្រូវបន្ថែមពេលជាបន្ទាន់» នៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ ប្រទេសបារាំង បានគាំទ្រសេចក្តីសម្រេចនេះ ប៉ុន្តែសហរដ្ឋអាមេរិក អនុបវាទ។