ប្រទេសវេណេហ្ស៊ុយអេឡា និយាយថា ប្រជាជនភាគច្រើនលើសលប់ដែលបានបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រជាមតិកាលពីចុងសប្តាហ៍ គាំទ្រផែនការរបស់រដ្ឋាភិបាលក្នុងការបញ្ចូលឧបសម្ព័ន្ធដែនដីសម្បូរប្រេង ដែលគ្រប់គ្រងដោយប្រទេសជិតខាងហ្គីយ៉ាណា(Guyana)។
អាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយថា ពលរដ្ឋជាង ៩៥ភាគរយ ដែលបានបោះឆ្នោត ក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ បានយល់ព្រមលើផែនការដាក់បញ្ចូលតំបន់ Essequibo ជាផ្នែកមួយរបស់ប្រទេសវេណេហ្ស៊ុយអេឡា។
រដ្ឋបាលឆ្វេងនិយម របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអះអាងដែនអធិបតេយ្យភាពលើតំបន់នេះ ដែលស្មើនឹង ៧០ ភាគរយនៃដែនដីរបស់ប្រទេសហ្គីយ៉ាណា។
អាជ្ញាកណ្តាលអន្តរជាតិ បានសម្រេចកាលពីឆ្នាំ ១៨៩៩ ថា តំបន់ Essequibo គឺជាផ្នែកមួយរបស់ប្រទេសហ្គីយ៉ាណា។ នៅពេលនោះ ហ្គីយ៉ាណា ជាអាណានិគមរបស់អង់គ្លេស។ ប្រទេសវេណេស៊ុយអេឡា មិនទទួលស្គាល់ការសេចក្តីសម្រេចនេះនោះទេ។
ជម្លោះ បានកើតឡើងសារជាថ្មី នៅពេលដែលគេរកឃើញទីតាំងអណ្តូងប្រេងធំមួយ នៅជិតតំបន់នោះក្នុងឆ្នាំ ២០១៥។ លទ្ធផលនៃការធ្វើប្រជាមតិ កំពុងបង្កើនភាពតានតឹងរវាងប្រទេសអាមេរិកខាងត្បូងទាំងពីរ។ លោក Maduro បានអះអាងកាលពីថ្ងៃចន្ទថា ការបោះឆ្នោតត្រូវបានធ្វើឡើងដោយលោកនិយាយថា លោកនឹងធ្វើទៅតាមការវិនិច្ឆ័យរបស់ពលរដ្ឋ។ អនុប្រធានាធិបតីប្រទេសហ្គីយ៉ាណា បាននិយាយថា ប្រទេសរបស់លោកត្រូវតែមានការប្រុងប្រយ័ត្ន ហើយហ្គីយ៉ាណា ត្រូវតែត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈទាំងអស់។