
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)លោកស្រី Mirjana Spoljaric បានបំពេញទស្សនកិច្ចទៅកាន់តំបន់ហ្គាហ្សាស្ទីប ជាទីដែលលោកស្រីបានអំពាវនាវឲ្យមានការការពារជនស៊ីវិលបន្ថែមទៀត ។
លោកស្រីនិយាយថា លោកស្រីបានបំពេញទស្សនកិច្ចទៅកាន់មន្ទីរពេទ្យមិត្តភាពអឺរ៉ុប-ហ្គាហ្សា ជាកន្លែងដែលលោកស្រីបានមើលឃើញកុមាររងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ។
លោកស្រី Spoljaricនិយាយថា អ្វីដែលលោកស្រីបានឃើញនៅទីនោះ គឺគ្មាននរណាម្នាក់អាចរៀបរាប់បាននោះទេ ។
លោកស្រីបន្តថា អ្វីដែលធ្វើឲ្យលោកស្រីតក់ស្លុតជាងគេបំផុតគឺកុមារមានរបួសធ្ងន់ធ្ងរបំផុត ហើយទន្ទឹមនឹងពេលនោះដែរ ពួកគេបាត់បង់ឪពុកម្តាយ ដោយគ្មាននរណាម្នាក់នៅមើលថែពួកគេនោះឡើយ ។
ICRC ដែលជាអន្តរការីអព្យាក្រឹត កំពុងផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ហើយនិងបានជួយអមដំណើរចំណាប់ថ្នូរ និងអ្នកជំងឺចេញពីតំបន់ឡោមព័ទ្ធមួយនេះ ។
លោកស្រី Spoljaric បានអំពាវនាវផងដែរឲ្យមានកការបន្ធូបន្ថយស្ថានភាពយោធា ហើយនិងអំពាវនាវឲ្យភាគីទាំងអស់ ស្វែងរកដំណោះស្រាយជាជាងប្រើប្រាស់កម្លាំងទ័ព ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបង្កើនការការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំតាមជើងគោក លើតំបន់ភាគខាងត្បូងហ្គាហ្សាស្រ្ទីប ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសជនប៉ាឡេស្ទីនជាច្រើននាក់ បើទោះបីជាសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ(UN)ជំរុញពួកគេម្តងហើយម្តងទៀតឲ្យការពារជនស៊ីវិលក៏ដោយ ៕