
តំបន់ជាច្រើននៅស្រុក Cumbria ស្ថិតនៅភាគខាងជើងអង់គ្លេស ត្រូវបានគ្របដណ្តប់ដោយព្រិល និងទឹកកកកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងនាំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី រថយន្តប្រហែល ២០០គ្រឿងជាប់តាមផ្លូវនិងអ្នកដំណើរជាប់ខ្លួន ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍រហូតមក ។
ស្ថានភាពធ្លាក់ព្រិលខ្លាំងនេះដែរ នាំឲ្យមានការបិទសាលារៀនរាប់សិបកន្លែងនៅតំបន់ភាគឦសានស្កុតលែន ហើយការប្រកាសអាសន្នកម្រិតពណ៌លឿងទុំ បានចូលជាធរមានផងដែរ ចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃចន្ទ ។
ស្រុក Cumbria បានកើតមានព្រិលធ្លាក់ខ្លាំងមិនបានរំពឹងទុក ក្នុងនោះតំបន់មួយចំនួន មានព្រិលធ្លាក់កម្រាស់ រហូតដល់ ៣០សង់ទីម៉ែត្រ ។
ការិយាល័យឧតុនិយមអង់គ្លេស បាននិយាយថា ពួកគេរំពឹងថានឹងមានភ្លៀងធ្លាក់ និងព្យុះព្រិលនៅតាមតំបន់ជាច្រើនក្នុងស្រុក Cumbria នាថ្ងៃអង្គារនេះ ។
ក្រុមនគរបាល និងសេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ព្រិល និងទឹកកក បណ្តាលឲ្យកើតមានឧបទ្ទេវហេតុធំៗជាច្រើន ។ ក្រុមជួយសង្រ្គោះតំបន់ភ្នំ ត្រូវបានគេហៅឲ្យជួយដោយសារគ្រោះថ្នាក់ជាច្រើន ដូចជាករណីជំងឺគាំងបេះដូង និងបាក់ឆ្អឹងជំនី ដោយសារតែរអិលដួល ។
អ្នកដំណើរមួយចំនួន បានជាប់ខ្លួននៅទីក្រុង Ambleside ស្រុក Cumbriaក្រោយព្រិលធ្លាក់កម្រាស់ ២០សង់ទីម៉ែត្រ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ៕