ភ្នំពេញ៖ នាពេលកន្លងមក លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តែងតែដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចុះជាប្រចាំរៀបចំរបៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ចើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើរជើង ឬជនពិការភាព ធ្វើដំណើរផងដែរ។
ជាក់ស្ដែងក្រោយពី រដ្ឋបាលខណ្ឌដូនពេញ ចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ឈប់ការដាក់តាំង លក់រថយន្ត នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការក្ដៅចំពោះក្រុមអាជីវកម្ម ដែលតាំងរថយន្តលក់លើចិញ្ចើមផ្លូវសាធារណៈបានស្ទូចរថយន្តយកមករក្សាទុកនៅសាលាខណ្ឌដូនពេញដើម្បីធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំតាមនីតិវិធី យើងសង្កេតឃើញថា នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញមានសភាពស្រលះល្អ ដើម្បីរក្សាចិញ្ចើមផ្លូវ ងាយស្រួលសម្រាប់អ្នកថ្មើរជើង ឬជនពិការធ្វើដំណើរ ។
បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងដែលក្រុមអាជីវករតែងតែយករថយន្តមកតាំងលក់លើចិញ្ចើមផ្លូវសាធារណៈ បានសាទរចំណាត់ការរបស់អាជ្ញាធរខណ្ឌដូនពេញ ដោយលើកឡើងថា កន្លងមកពេលធ្វើដំណើរថ្មើរជើង ទៅផ្សារ ឬទៅណាជិតៗ គឺដើរលើគំនូសផ្លូវសម្រាប់យានយន្តបើកបរ ពុំមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងឡើយ ដោយអ្នកលក់រថយន្តយករថយន្តមកតាំងលក់ពេញផ្លូវ ដូច្នេះពេលនេះ អាជ្ញាធរចាត់វិធានក្ដៅ លែងអោយមានការចតរថយន្ត ឬ យករថយន្តមកតាំងលក់លើផ្លូវបែបនេះ គឺជាវិធានការដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសោភ័ណភាពទីក្រុងផងដែរ។
សូមរលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ឈប់ការដាក់តាំង លក់រថយន្ត នៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ ដោយទុកពេលអោយរើចេញអោយរយះពេល៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ផុតឱសានវាទ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ សាធារណៈរថយន្តដែលតាំងលក់ លើចិញ្ចើមផ្លូវ និងរថយន្តដែលបានមកចតចោលនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្ករការកកស្ទះចរាចរណ៍ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ កុម្ភៈ




