
របបយោធានីហ្សេ កាលពីថ្ងៃចន្ទ បានលុបចោលកិច្ចព្រមព្រៀងយោធាសំខាន់ៗចំនួនពីរ ដែលប្រទេសអាហ្វ្រិកខាងលិច បានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា នៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក ខណៈដែលមេដឹកនាំកងទ័ពរបស់ប្រទេសនេះ និងមន្ត្រីការពារជាតិជាន់ខ្ពស់របស់រុស្ស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា។
មុនពេលរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់ប្រទេសនេះ គឺ លោក Mohamed Bazoum ប្រទេសនីហ្សេ គឺជាដៃគូសន្តិសុខដ៏សំខាន់ចុងក្រោយបង្អស់របស់ប្រទេសលោកខាងលិច និងអឺរ៉ុប នៅតំបន់ Sahel ដែលជាតំបន់ដ៏ធំ នៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា ដែលក្រុមជ្រុលនិយមអ៊ីស្លាម បានប្រែក្លាយទៅជាចំណុចក្តៅនៃអំពើភេរវកម្មពិភពលោក។
នៅក្នុងអនុស្សរណៈមួយ ក្រសួងការបរទេសរបស់នីហ្សេរីយ៉ា បាននិយាយថា រដ្ឋាភិបាល បានសម្រេចចិត្ត «ដកឯកសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលបានផ្តល់» នៅក្រោមបេសកកម្មភាពជាដៃគូយោធារបស់សហភាពអឺរ៉ុប នៅក្នុងប្រទេសនីហ្សេ ដែលបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ហើយជាលទ្ធផល «មិនមានកាតព្វកិច្ចផ្លូវច្បាប់»ទាក់ទងនឹងភាពជាដៃគូនេះទេ។
រដ្ឋាភិបាលនៃប្រទេសនេះ ក៏បានច្រានចោលបេសកកម្មកសាងសមត្ថភាពស៊ីវិលរបស់សហភាពអឺរ៉ុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើម្បីពង្រឹងវិស័យសន្តិសុខផ្ទៃក្នុងរបស់នីហ្សេ ដោយលុបចោលកិច្ចព្រមព្រៀងរបស់ខ្លួនសម្រាប់បេសកកម្មនានាប្រកបដោយប្រសិទ្ធភាព។