
ព្រិលធ្លាក់ខ្លាំង និងស្ថានភាពធ្លាក់ទឹកកក បន្តធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍នៅតាមតំបន់ជាច្រើនក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទម្សិលមិញ ។
ក្រុមហ៊ុនដឹកជញ្ជូន Deutsche Bahn និយាយថា អ្នកធ្វើដំណើរប្រឈមនឹងការពន្យាពេល និងការលុបចោលសេវាកម្មរថភ្លើង ទូទាំងតំបន់ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដោយសារតែការចាប់ផ្តើមរដូវរងា ក្នុងនោះការរឹតត្បិតការធ្វើដំណើរ បានកើតមានផងដែរនៅទីក្រុង Munich ។
ដោយឡែក ប្រតិបត្តិការជើងហោះហើរ ត្រូវបានរឹតត្បិតផងដែរ ។ ជើងហោះហើរចេញ-ចូលអាកាសយានដ្ឋានក្រុង Munich ត្រូវបានកាត់បន្ថយ ដោយសារតែការលុបចោលរបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយអ្នកដំណើរត្រូវបានស្នើសុំពុំចាំបាច់ធ្វើដំណើរមកកាន់អាកាសយានដ្ឋាន បើសិនជាជើងហោះហើររបស់ពួកគេ ពុំត្រូវបានប្រកាសឲ្យដឹងទេនោះ ។
កាលពីចុងសប្តាហ៍កន្លងទៅ ព្រិលធ្លាក់ខ្លាំងនៅរដ្ឋ Bavaria បានបង្ខំឲ្យមានការលុបចោលជើងហោះហើរពេញមួយថ្ងៃ ហើយនិងសេវាកម្មរថភ្លើងផ្លូវឆ្ងាយចេញពីទីក្រុង Munich ក្នុងនោះផ្សារណូអែល បានបិទទ្វារ ហើយការប្រកួតបាល់ទាត់ត្រូវបានពន្យាពេល ស្របពេលដែលទីក្រុងមួយនេះ ដោះស្រាយស្ថានភាពព្រិលធ្លាក់ខ្លាំង ៕