
ក្រុមអ្នកវិទ្យាសាស្រ្តនៅលើនាវាស្រាវជ្រាវ RRS Sir David Attenborough បានប្រមូលសំណាកទឹកសមុទ្រជុំវិញផ្ទាំងទឹកកក A23a ដែលជាផ្ទាំងទឹកកកធំបំផុតនៅលើពិភពលោក ដែលបានរសាត់អណ្តែតចេញពីតំបន់អង់តាក់ទិក ។
រូបភាពវីដេអូឃ្លីបបញ្ចេញដោយមន្ទីរស្ទង់អង់តាក់ទិកអង់គ្លេស ឃើញនាវាស្រាវជ្រាវមួយគ្រឿងនេះ ធ្វើដំណើរនៅជ្រោយផ្ទាំងទឹកកកដ៏ធំមហិមាមួយនេះ ។
ស្ថិតនៅលើផ្ទៃ ៤ពាន់គ.មក្រឡា ផ្ទាំងទឹកកអង់តាក់ទិក A23a មានទំហំធំជាងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដល់ទៅ ៣ដង ។
ចាប់តាំងពីដាច់ចេញពីទឹកកកអណ្តែត Filchner-Ronne របស់អង់តាក់ទិកកាលពីឆ្នាំ ១៩៨៦ ផ្ទាំងទឹកកក A23a ដែលធ្លាប់មានស្ថានីយ៍ស្រាវជ្រាវសូវៀត បានជាប់ក្រោមបាតសមុទ្រ Weddell ។
ប៉ុន្តែរូបភាពផ្កាយរណបកាលពីពេលថ្មីៗនេះ ឃើញផ្ទាំងទឹកកក A23a ដែលមានទម្ងន់ជិត ១សែនកោដិ៍តោននោះ បច្ចុប្បន្នកំពុងរសាត់អណ្តែតយ៉ាងលឿនឆ្លងកាត់ជ្រោយខាងជើងនៃឧបទ្វីបអង់តាក់ទិក ដោយសារតែខ្យល់បក់ និងចរន្តទឹកខ្លាំង ។
លោកវេជ្ជបណ្ឌិត Andrew Meijers ដែលជាអ្នកវិទ្យាសាស្រ្តនៅលើនាវា RRS Sir David Attenborough និងជាមេដឹកនាំក្រុមវិទ្យាសាស្រ្តមហាសមុទ្រតំបន់ប៉ូលនៅមន្ទីរស្ទង់អង់តាក់ទិកអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាពិតជាសំណាងខ្លាំងណាស់កាលដែលផ្លូវរបស់ផ្ទាំងទឹកកចេញពីបាតសមុទ្រ Weddell ឆ្លងកាត់ត្រង់តាមផ្លូវដូចការគ្រោងទុករបស់ពួកយើង ។
ដោយឡែក មន្ទីរស្ទង់អង់តាក់ទិកអង់គ្លេស និយាយថា វាពិតជាកម្រខ្លាំងណាស់ពេលមើលឃើញផ្ទាំងទឹកកកដ៏ធំមហិមាបែបនេះ អាចបំលាស់ទីបាន ហេតុដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្តនឹងឃ្លាំមើលគន្លងរបស់វាយ៉ាងដិតដល់បំផុត ៕