
អង្គការសិទ្ធិមនុស្សមួយក្រុម បានប្តឹងរដ្ឋាភិបាលហូឡង់កាលពីថ្ងៃចន្ទ ដោយអះអាងថា ការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-35 រួមចំណែកដល់ការរំលោភច្បាប់អន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សា។
ករណីនេះ ទាក់ទងនឹងគ្រឿងបន្លាស់សម្រាប់យន្តហោះ F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលរក្សាទុកនៅឃ្លាំងមួយ ក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។
Oxfam Novib ដែលជាក្រុមមួយក្នុងចំណោមក្រុមដែលដាក់ពាក្យប្តឹង បាននិយាយថា ការនាំចេញនោះ «បានធ្វើឲ្យប្រទេសហូឡង់ មានការពាក់ព័ន្ធក្នុងការរំលោភលើច្បាប់នៃសង្គ្រាម និងការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនស៊ីវិល នៅតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និយាយថា មនុស្សជាង ១៥.៥០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅក្នុងសង្គ្រាមនៅទីនោះ ជាងពាក់កណ្តាលនៃពួកគេ គឺជាស្ត្រី និងកុមារ។
អ៊ីស្រាអែល បានប្តេជ្ញាវាយកម្ទេចក្រុមហាម៉ាស ក្នុងការសងសឹកចំពោះការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។