
ក្រសួងការបរទេសចិន និយាយកាលពីថ្ងៃចន្ទថា កិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុប នឹងត្រូវរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែធ្នូ ខាងមុខនេះ នៅក្នុងទីក្រុងប៉េកាំង ជាទីដែលក្រុមមេដឹកនាំភាគីទាំង ២ នឹងពិភាក្សាលើបញ្ហាសេដ្ឋកិច្ចសកល និងយុទ្ធសាស្រ្ត ដោយផ្អែកលើអត្ថប្រយោជន៍រួម ។
លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិន និងអឺរ៉ុប គឺជាដៃគូ មិនមែនជាគូប្រជែងនោះទេ ហើយផលប្រយោជន៍រួមរបស់ពួកគេ លើសពីការខ្វែងគំនិតគ្នារបស់ពួកគេ ។
លោក Wang បន្តថា អំឡុងសន្និសីទសារព័ត៌មាន ភាគីទាំង ២នឹងជំរុញកិច្ចសហប្រតិប្តតិការ ដើម្បីឈានដល់ការប្រឈមសកលលោក និងបង្កើនស្ថិរភាពលើស្ថានភាពអន្តរជាតិ ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping និងជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ។
ដោយឡែកអំឡុងជំនួបកាលពីថ្ងៃច័ន្ទ ជាមួយប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko លោក Xi បាននិយាយដែរថា ចិនមានបំណងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការយុទ្ធសាស្រ្ដរបស់ខ្លួនជាមួយប្រទេសបេឡារុស្ស ឲ្យកាន់តែរឹងមាំថែមទៀត ៕