
នៅថ្ងៃអង្គារនេះ កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញការវាយប្រហារតាមច្រកអាកាសដែលមានគោលដៅលើទីតាំងរបស់ក្រុមហេសប៊ូឡា គឺជាអ្វីមួយដែលពួកគេចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយល័ក្ខអក្សរ យោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមច្រកអាកាសនេះ គឺដើម្បីឆ្លើយតបនឹងការបាញ់ចេញពីលីបង់ ដែលមានគោលដៅលើទីក្រុង Zar'It ស្ថិតនៅភាគខាងជើងអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់លើទីតាំង ឬកាលបរិច្ឆេតដែលវីដេអូមួយនេះ ថតបាននោះទេ ។
ខណៈពេលនោះដែរ ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល បានវាយលុកលើភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ និងបង្ករបួសដល់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងនៅតំបន់ជាច្រើនដែលអ៊ីស្រាអែល បានប្រាប់ប្រជាជនឱ្យស្វែងរកទីជម្រកបណ្ដោះអាសន្ន ។
កងទ័ពអ៊ីស្រាអែល និងរថក្រោះក៏បានបង្កើនយុទ្ធនាការជើងគោករបស់ពួកគេប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់ នៅភាគខាងត្បូងហ្គាហ្សា បន្ទាប់ពីគ្រប់គ្រប់បានតំបន់ខ្លះនៅភាគខាងជើង ៕