
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan និយាយថា សហរដ្ឋអាមេរិក នឹងបន្តជំរុញឲ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ។
លោក Sullivan ដែលបាននិយាយថា លោកមាននូវជំនួបតាមទូរស័ព្ទជាច្រើនជុំកាលពីចុងសប្តាហ៍កន្លងទៅពាក់ព័ន្ធនឹងដំណើរវិវត្តន៍ចុងក្រោយនៅតំបន់ហ្គាហ្សា បាននិយាយថា ក្រុមហាម៉ាស់ បដិសេធន៍ពុំព្រមដោះលែងស្រ្តីស៊ីវិលនោះទេ ។
លោកថា កាលពីចុងសប្តាហ៍នេះ លោកមាននូវជំនួបតាមទូរស័ព្ទជាច្រើនជុំជាមួយដៃគូនៅអ៊ីស្រាអែល អេហ្ស៊ីប កាតា និងប្រទេសជាច្រើនទៀត ។
លោកបន្តថា ស្របពេលដែលពួកយើងនៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សាលើដំណើរវិវត្តន៍ចុងក្រោយក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ពួកយើងនៅតែព្យាយាមស្វែងរកច្រក ដើម្បីដោះលែងចំណាប់ថ្នូរ ។
លោកបញ្ជាក់ថា ពួកយើងបានជជែកគ្នាផងដែរពីការបង្កើនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែបញ្ហានៅត្រង់ថា បច្ចុប្បន្នក្រុមហាម៉ាស់ បដិសេធន៍ពុំព្រមដោះលែងស្រ្តីស៊ីវិលនោះទេ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ពួកយើង ហើយការបដិសេធន៍នេះហើយ បណ្តាលឲ្យបញ្ចប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ ហើយក៏ជាការបញ្ចប់ការផ្អាកសង្រ្គាមនោះដែរ ។
សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល មានជាង ១៧.៣០០នាក់ ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៥.៨៩៩នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមក ៕