សៀមរាប ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិតលី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសស្រុកពួក ខេត្តសៀមរាបជាស្រុកទី៣អស់មីនបន្ទាប់ពីក្រុងសៀមរាបនិងស្រុកក្រឡាញ់ដែលបានប្រកាសកន្លងមក។
ពិធីនេះមានការចូលរួមពីអភិបាល រងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា នេះជាលទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់ មីន ហើយក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣.៥១២.៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA ។ ក្នុងនាមសម្តេចធិបតី និងប្រជាជនខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជ រដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ដែលបានចូលរួមគាំទ្រនិងបំពេញការងារដោយផ្ទាល់ ក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប។ឯកឧត្តមទេសរដ្ឋមន្រ្តី បានរលឹកបន្ថែមទៀតថា ថ្មីៗនេះ កម្ពុជា បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលមាន ១៦៤ ប្រទេស បោះឆ្នោតជ្រើស តាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើង វិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាបជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប -អង្គរ។ ដែលនេះគឺជាកាដូរពិសេសមួយជូនបងប្អូនប្រជាពលរដ្ឋខេត្ត សៀម រាបទាំងមូលរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងស្របនឹងការដាក់ចេញយុទ្ធសាស្រ្តរបស់សម្តេច គឺទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលសៀម រាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោក ឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតទាំង អស់ បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយបណ្តាប្រទេសជាមិត្តទាំងនោះ នឹងបន្តប្តេជ្ញាចិត្តចូល រួម និងឈរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតនានាបានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួកនៃខេត្ត សៀមរាប គឺជាផ្នែកមួយក្នុងរួមចំណែក និងឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥៕ ដោយះ.ភារម្យ










